លោក គៀត ច័ន្ទថារិទ្ធ ស្នើទូតវៀតណាមបញ្ជូនជនជាតិវៀតណាម រស់នៅកម្ពុជាខុសច្បាប់ទៅប្រទេសរបស់ខ្លួនវិញ

(ភ្នំពេញ) ៖ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រជាពរដ្ឋកម្ពុជាទាំងអស់ប្រកដជាបានដឹងរួចមកហើយថា ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចឲ្យមានការរុះរើ ផ្ទះបណ្ដែតទឹកដែលមិនរៀបរយ បែរចិញ្ចឹមត្រី ជាច្រើននៅលើផ្ទៃទន្លេមេគង្គ ដែលត្រូវបានគេដឹងថាជារបស់ជនជាតិវៀតណាមខុសច្បាប់(ជនអន្តោប្រវេសន៍)។ ជាមួយនឹងវិធានការនេះជនជាតិវៀតណាម តាមរយៈទូតវៀតណាមប្រចាំកម្ពុជា ហាក់មិនចង់អនុវត្តតាមសេចក្ដីសម្រេចខាងលើសោះ ដោយលើកឡើងថា បើចង់ឲ្យពួកគេរុះរើចេញពីផ្ទៃទឹក អាជ្ញាធរកម្ពុជាត្រូវរៀបចំលំនៅដ្ឋាន ឬទីទួលសុវត្ថភាពណាមួយសម្រាប់ពួកគេជាមុនសិន។
ជាមួយគ្នានេះដែរ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានស្នើទៅកាន់ឯកអគ្គទូតវៀតណាមប្រចាំកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។
លោក គៀត ច័ន្ទថារិទ្ធ បានស្នើបែបនេះក្នុងពេលទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី ១៧ ខែមិថុនា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
លោក Vu Quang Minh បានលើកឡើងក្នុងពេលចាប់ផ្ដើមជំនួបនេះដោយបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
ក្នុងនោះរួមមាន ការងារជំរឿនស្ថិតិជនបរទេស ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ជាដើម។
នៅក្នុងជំនួបនោះលោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត។
លោកបានថ្លែងថា៖ «ចំពោះជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា បំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់»។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការ ការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ។
លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា អគ្គនាយកអន្តោប្រវេសន៍នឹងធ្វើការសម្របសម្រួលបន្ថែមទៀតលើការងារផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីសិទ្ធិក្នុងការប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជាដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី-ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់៕

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបថត អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

√ ទូតវៀតណាមថា ប្រទេសខ្លួនមិនបានបញ្ជាក់ថាបុរសបានឆ្លងជំងឺកូវីដពីកម្ពុជាឡើយ
ទូតវៀតណាមប្រចាំកម្ពុជា

ដោយ ៖ ឡាយ កុល