អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ជូនជនជាតិវៀតណាមរស់នៅកម្ពុជាខុសច្បាប់ទៅប្រទេសវិញឲ្យបានឆាប់រហ័ស

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើដល់​ទូតឯកអគ្គរដ្ឋវៀតណាមប្រចាំកម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់រហ័ស។

ការស្នើបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែ​មិថុ​នា ឆ្នាំ២០២១ ក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋ​ទូត​វៀតណាមប្រចាំកម្ពុជា។ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ក្នុងនោះរួមមាន៖ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា បញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាព នៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។ជាការឆ្លើយតបលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលលោកឯកអគ្គរដ្ឋទូត បានលើកឡើងខាងលើនេះ, លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។

ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។ លើសពីនេះ លោក ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ៕ សម្រួលដោយ៖ ង៉ែត ពិសាន្ត