ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពជូនពលរដ្ឋ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាសព្វថ្ងៃនេះ កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងកាត់ចំណាយក្រៅផ្លូវការ បានយ៉ាងច្រើនជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management .ក្នុជំនួបនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើបនេះ មានដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងក៏បានធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគត ដែលក្នុងនោះរួមមាន គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣១, ៣៣, ៤១, ពីផ្លូវកៅស៊ូ២ស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះផងដែរ។នៅក្នុងជំនួបនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុចា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុស ត្រូវដើម្បីបន្តជំរុញ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានការរីកចម្រើនយ៉ាងរហ័ស។យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅតែបន្តដំណើរការរបស់ខ្លួនឥតឈប់ឈរ ដោយមិនទាន់ឃើញមានគម្រោងណាមួយ ត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាតពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។ ជាងនេះទៅទៀតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មីស្រឡាងមួយទៀត គឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដែរថា កម្ពុជាកំពុងគិតគូរអំពីគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃសាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងចៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែលយានយន្តអគ្គិសនីសាកភ្លើងដោយថាមពលក៏កើតឡើងវិញ៕ សម្រួលដោយ៖ ង៉ែត ពិសាន្ត