សពព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯក ធាយ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យរកឃើញវិជ្ជមានកូវីដ-១៩

(ភ្នំពេញ)៖ សាកសពរបស់ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯក ធាយ ដែលបានទទួលមរណភាព កាលពីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ និងអាជ្ញាធរពិនិត្យរកឃើញវិជ្ជមានកូវីដ-១៩។

បើតាមលទ្ធផលរបស់លោកគ្រូពេទ្យ ដែលបានមកយកសំណាកលើសពលោកយាយ ឯម ធាយ បានបង្ហាញថា មានវិជ្ជមានកូវីដ-១៩។ ការពិនិត្យសំណាកនេះ បន្ទាប់ពីលោកយាយបានទទួលមរណភាព បានប៉ុន្មានម៉ោង។ នេះបើតាមការបញ្ជាក់ពីលោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលទទួលបាននៅមុននេះបន្តិច។

ទាក់ទងនឹងការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើសពរបស់ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯក ធាយ នេះដែរ ក្រុមគ្រួសារហាក់នៅមិនទាន់អស់ចិត្ត ក៏បានស្នើទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ «ធីតា» ដើម្បីយកសំណាកទៅពិនិត្យម្តងទៀតឲ្យបានច្បាស់ គឺឃើញលទ្ធផលវិជ្ជមានដូចគ្នា។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់លោកយាយ ឯម ធាយ រហូតមកទល់នឹងពេលនេះ គឺមានចៅតូចម្នាក់អាយុ ៥ឆ្នាំ មានវិជ្ជមានកូវីដ-១៩ ដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែសពរបស់លោកយាយ ឯម ធាយ មានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តបូជាសពរបស់លោកយាយ នាម៉ោង១រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលក្រុមគ្រួសារនៅតែបង្ហាញការសោកស្តាយ ព្រោះតែមិនបានរៀបចំពិធីបុណ្យត្រឹមត្រូវជូនដល់លោកយាយ៕លោកយាយ ឯម ធាយ មិនឣាចក្រោកសម្តែងឲ្យ អ្នកគ្រប់គ្នា មើលទៀតហើយ ព្រោះតែកំពុង....នាដកាទី ១០

សម្រួលដោយ៖ ង៉ែត ពិសាន្ត