អូស្ត្រាលី សម្រេចបង្កើនការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីផ្តត់ផ្គង់ដល់ពលរដ្ឋនៅតាមជនបទ

(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើការទទួលបានទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោក Arnold បានសង្ខេបពីរបកគំហើញនៃការស្រាវជ្រាវ និងការវិភាគចុងក្រោយលើបណ្តាញទឹកស្អាតនៅតាមខេត្តនានា ដែលមានឈ្មោះថា ភីអាយភី ជូនដល់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ។ ការសិក្សាផែនការវិនិយោគខេត្ត (ភីអាយភី) បង្ហាញថា ៤៧% នៃភូមិទាំងអស់នៅកម្ពុជា មានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ២០២០។ តួលេខនៃបណ្តាញទឹកស្អាតនេះ អាចកើនឡើងយ៉ាងឆាប់រហ័សតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង ស្ថាប័នសាធារណៈ និងឯកជន ដើម្បីបង្កើនការវិនិយោគ និងនវានុវត្តន៍ពីសំណាក់វិស័យឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត។

លោក Arnold បានបន្ថែមថា អូស្ត្រាលីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតបន្ថែមទៀត នេះក៏ព្រោះតែផលប៉ះពាល់ ដោយផ្ទាល់ទៅលើសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទឹកស្អាតប្រើប្រាស់នៅផ្ទះ។ ការសិក្សាដ៏មានសារៈសំខាន់នេះបានបង្ហាញ ពីកាឡានុវត្តភាពសំខាន់ៗនានា ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្រោមកិច្ចសហការ និងភាពជាដៃគូរវាងស្ថាប័នសាធារណៈនិងឯកជន។

លោក Arnold បានបន្ថែមទៀតថា ការរួមចំណែករបស់ស្ថានទូតអូស្ត្រាលីទៅលើបណ្តាញទឹកស្អាតកម្ពុជា មានសង្គតភាពទៅនឹងកម្មវិធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់អូស្ត្រាលីនៅកម្ពុជា រួមទាំងការផ្តល់អាទិភាពដល់គម្រោងមួយចំនួន ដែលត្រូវបានគាំទ្រថវិកាប្រកបដោយចីរភាព និងដែលផ្តល់នូវផលប្រយោជន៍ពិត ប្រាកដសម្រាប់ពលរដ្ឋនៅកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងដែរថា រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ២០២៥ ហើយផ្តល់ទឹកស្អាតដល់ ប្រជាជនកម្ពុជាទាំងអស់នៅត្រឹមឆ្នាំ២០៣០។ ដោយមានប្រព័ន្ធទិន្នន័យដែលកម្មវិធី 3i បានអភិវឌ្ឍជាមួយអគ្គនាយកផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួង ហើយក្រសួង ក៏កំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅនេះ។

លោក ក៏បានថ្លែងអគុណដល់អូស្ត្រាលី ចំពោះជំនួយនិងការងារទាំងអស់ដែលបានផ្តល់មកកាន់ ក្រសួងផងដែរ។

ការសិក្សាស្រាវជ្រាវមួយនេះ ត្រូវបានធ្វើឡើងដោយកម្មវិធីរបស់អូស្ត្រាលី វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលកម្មវិធីទាំងមូលមានទឹកប្រាក់ចំនួន ៤៩ លានដុល្លារអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានវាយតម្លៃវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងខេត្តចំនួន២២ របស់ប្រទេសកម្ពុជា ហើយគណនាទឹកប្រាក់វិនិយោគសរុបដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិទាំងអស់នៅកម្ពុជាដែលមិនទាន់មានបណ្តាញទឹកស្អាតដើម្បីប្រើប្រាស់។

តាមរយៈកម្មវិធី (3i) អូស្ត្រាលីបានអនុម័ត និងវិនិយោគថវិកាជាង ១៩.៨ លានដុល្លារអូស្ត្រាលី ដល់ប្រតិបត្តិករទឹកឯកជនចំនួនជិត៨០ ដើម្បីបង្កើត និងពង្រីកការផ្គត់ផ្គង់ ទឹកស្អាត ដល់គ្រួសារជនបទ។ នៅពេលដែលកម្មវិធីនេះបញ្ចប់ពលរដ្ឋកម្ពុជាជាងមួយលាននាក់ នឹងមានទឹកស្អាតប្រើប្រាស់ដោយសារកម្មវិធី3i៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត