សម្ដេចតេជោ ផ្ញើសារអបអរសាទរជូននាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាសខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារលិខិតដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា« ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងចេញនូវក្តីអបអរសាទរ និងជូនពរដ៏ប្រសើរថ្លៃថ្លាចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនដ៏រួសរាយរាក់ទាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងឱកាសដ៏អស្ចារ្យនៃការប្រារព្ធខួបឆ្នាំទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីធានាជូនចំពោះឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីធ្វើឲ្យទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ កាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍជាតិនៃយើង, ឆ្លើយការប្រកួតប្រជែងថ្មីៗនេះ ទាំងនៅថ្នាក់តំបន់ និងសកល, ការរួមគ្នាទប់ទល់វិបត្តិ COVID-19 និងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាសហគមន៍អាស៊ាន និងសកលលោកផងដែរ»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងកាទូតរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា៕សម្រួលដោយ៖ ង៉ែត ពិសាន្ត