រដ្ឋសភា បញ្ជូនឈ្មោះបេក្ខជន២រូប ឲ្យគណបក្សឈ្នះឆ្នោតជ្រើសរើសបេក្ខជន១រូប ដើម្បីធ្វើជាប្រធានគ.ជ.ប

(ភ្នំពេញ)៖ ទីបំផុត! បេក្ខជន២រូប ដែលដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋសភា ត្រូវបានបញ្ជូនឈ្មោះទៅកាន់គណបក្សឈ្នះឆ្នោត ដើម្បីជ្រើសរើសបេក្ខជន១រូប ដាក់ជូនកិច្ចប្រជុំរដ្ឋសភាពេញអង្គបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជំនួសដំណែង លោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់ឲ្យដឹងថា បេក្ខជន ២រូបនោះ មាន លោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និង លោក កា លាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានទទួលយកដោយ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។

ជាមួយគ្នានេះដែរ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា តាមច្បាប់គណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ត្រូវសម្រេចចិត្តជ្រើសរើសបេក្ខជន ១រូប ដើម្បីដាក់ជូនរដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលការធ្វើការសម្រេចចិត្តជ្រើសរើសនេះមានរយៈពេល៣ថ្ងៃ៕សម្រួលដោយ៖ ង៉ែត ពិសាន្ត