ទូតឡាវនៅកម្ពុជា អបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានបង្ហាញសារអបអរសាទរចំពោះខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសឡាវ ជាមួយកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិតរបស់ឯកអគ្គរដ្ឋទូតឡាវ បានសរសេរថា ក្នុងឱកាសដ៏វិសេសវិសាល នៃទិវាបង្កើតទំនាក់ទំនងការទូត ខួបលើកទី៦៥ឆ្នាំ (១៥/០៦/១៩១៥៦-១៥/០៦/២០២១) រវាងប្រទេសឡាវ និងកម្ពុជា ខ្ញុំមានគៅលបំណង ក្នុងនាមស្ថានឯកអគ្គរដ្ឋទូតនៃប្រទេសឡាវប្រចាំកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើរជូន នូវអំណរសាទរដ៏កក់ក្តៅជាទីបំផុត និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំរបស់ប្រទេសឡាវ និងថ្នាក់ដឹកនាំរបស់កម្ពុជា ប្រមទាំងមិត្តភក្តិកម្ពុជាទាំងអស់ និងប្រជាជនឡាវ ដែលរស់នៅកម្ពុជា ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតឡាវ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់ប្រជាជនទាំងពីរឡាវ និងកម្ពុជា ដើម្បីធ្វើពិធីប្រារព្ធ បន្ទាប់ពី៦៥ឆ្នាំ ដែលប្រទេសជាតិទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក។ លោក បន្តថា ប្រទេសទាំងពីរ មានការផ្លាស់ប្ដូរជាប្រក្រតីនូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជារដ្ឋមន្រ្តី និងគណៈប្រតិភូស្ថាប័ននានាទៀត ដើម្បីធ្វើឲ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានា។

ទោះបីជាប្រទេសទាំងពីរ និងពិភពលោកទាំងមូល កំពុងប្រឈមមុខដ៏ធ្ងន់ធ្ងរ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ភាគីទាំងពីរបន្តសន្យា និងគាំទ្រគ្នាទៅវិញទៅមក។សម្រួលដោយ៖ ង៉ែត ពិសាន្ត