អាជ្ញាធរខេត្តព្រៃវែង ធ្វើតេស្តរហ័សលើពលរដ្ឋរស់នៅក្នុងស្រុកចំនួន៦ លទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់

(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង បានធ្វើតេស្តរហ័ស(Rapid Test) លើប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកចំនួន៦ របស់ខេត្តនេះ ជាលទ្ធផលរកឃើញមានផ្ទុកជំងឺកូវីដ១៩ ចំនួន ២០នាក់បន្ថែមទៀត ហើយក្នុងចំណោមស្រុកទាំង៦ មានស្រុកស្វាយអន្ទរ ដែលរកឃើញអ្នកឆ្លងច្រើនជាងគេ រហូតដល់១០ នាក់ បន្ទាប់មកស្រុកពារាំង ចំនួន ៣នាក់, ស្រុកមេសាង ចំនួន ៣នាក់, ស្រុកបាភ្នំ ចំនួន ២នាក់, ស្រុកពាមជរ ចំនួន១នាក់, ស្រុកពោធិ៍រៀង ចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រៃវែង ដែលទទួលបាននៅថ្ងៃទី១៣ ខែមិថុនានេះ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវចំពោះអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨៨២នាក់, ជាសះស្បើយ សរុប ៣៩០នាក់ និងកំពុងសម្រាកព្យាបាលសរុប ៤៨៤នាក់ និងស្លាប់សរុប ៨នាក់៕