សិប្បកម្មកែច្នៃដើមទ្រាំង នៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋានកាន់តែប្រសើរ និងដឹងពីគុណតម្លៃនៃព្រៃឈើ

(ព្រះវិហារ)៖ តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារ និងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍ អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។

ប្រជាពលរដ្ឋរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូ សម្រាប់លក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។

ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នតាមរយៈការអភិរក្ស និងកិច្ចការពារបាននូវព្រៃឈើ សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវអនុផលព្រៃឈើ ក្នុងនោះដូចជាដើមទ្រាំង ជាដើម។ ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែប ដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃជាសម្ភារនានា ដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ។ ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថា ស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ ការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺ ជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។

ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។

កំពុងឈរលក់សម្ភារដែលកែច្នៃចេញពីដើមទ្រាំងនេះ អ្នកស្រី ហឿន ឡា បានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារប្រើប្រាស់មកឃើញថា ជីវភាពគ្រាន់គាប់ប្រសើរជាងមុន អាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។

ដោយឡែក អ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។

អ្នកផលិតសម្ភារដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែប ខេត្តព្រះវិហារនេះគឺលោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថា តាមរយៈការកែច្នៃសម្ភារធ្វើពីដើមទ្រាំងនេះ ប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។ ពលរដ្ឋក្នុងតំបន់នេះ បានដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនោះអាចកែច្នៃជាសម្ភារច្រើនមុខ។ សម្ភារទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង។

គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមព័ណ៌ខ្មៅ ដែលមានកំពស់ពី ៦ ទៅ ២៥ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ គេអាចយកធាងទាំងនោះកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព័ណ៌ខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។

តាមឯកសារស្រាវជ្រាវ បានបញ្ជាក់ដែរថា ដើមទ្រាំងមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជាដើមទ្រាំង ត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនៈគិរី  ក្រចេះ ជាដើម។ ប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ។ ក្នុងនេះពួកគាត់មានជំនឿថា ចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង៕