អាជ្ញាធរក្រុងបានលុង នាំយកថវិកាជូនសមាជិកក្រុមប្រឹក្សាក្រុងដែលកំពុងខ្វះខាត និងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ

(រតនគិរី)៖ ក្រោមការមើលឃើញពីភាពខ្វះខាតរាល់ទុក្ខលំបាកប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការក្នុងមូលដ្ឋាន នឹងការមានការយកចិត្តទុកដាក់ពីលោក ងិន ណែល អភិបាលក្រុងបានលុង, ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ៨២០.០០០រៀល ប្រគល់ជូនលោក រ័ត្ន យ៉ុន ជាសមាជិកក្រុងបានលុង មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលលោក នៅពេលនេះកំពុងតែជួបការលំបាកដោយសារប្រពន្ធរបស់លោកកំពុងតែមានជំងឺប្រចាំកាយ។

ឆ្លៀតក្នុងឱកាសនេះ លោក ងិន ណែល អភិបាលក្រុងបានលុង ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចង់ជួយដល់ជនងាយរងគ្រោះ ទុរគតជន និងអ្នកទីទ័លក្រ អាចផ្តល់អំណោយ ឬថវិកាតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ទៅឲ្យពួកគាត់ដើម្បីកាត់បន្ថយការលំបាកទាំងឡាយណាដែលកើតមានក្នុងជីវភាពរបស់ពួកគាត់។

យ៉ាងណាមិញ ​លោក រ័ត្ន យ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរដល់ប្រជារាស្រ្តស្មើៗគ្នា ដោយមិនប្រកាន់នូវរាល់និន្នាការនយោបាយ ពណ៌សម្បុរ ឬជាតិសាសន៍ ហើយលោកនឹងប្តេជ្ញាខិតខំបន្តកិច្ចការបម្រើប្រជារាស្រ្តឲ្យកាន់តែល្អប្រសើរក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕