ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីភ្នំពេញ

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ លើបុរសម្នាក់ មានឈ្មោះ តុប វណ្ណណេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃសំពៅ ឃុំប្រសិទ្ធិ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី ដែលអង្គភាពសារព័ត៌មានព័ត៌មាន PND TV ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុគ្គលខាងលើបានចេញពីស្រុកកំណើតមកស្នាក់នៅផ្ទះថៅកែផ្សាដែកយីហោ ជាងលាប នៅម្តុំបែកចានរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរីតាមរថយន្តម៉ាក Ford ផ្លាកលេខភ្នំពេញ 2AV-4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យសង្ស័យ ធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។ ដោយឡែកអ្នករួមដំណើរ ១០នាក់ទៀតអវិជ្ជមាន។

រដ្ឋបាលខេត្តរតនគិរី បានបន្តថា បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់នឹងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ,៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរបស់រដ្ឋបាលខេត្តរតនគិរីប្រចាំការនៅចំណុចគោលដៅគល់ស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង បានធ្វើតេស្តរហ័សរកលទ្ធផលឃើញមានវិជ្ជមានកូវីដ១៩ លើបុរសខាងលើនេះជាករណីទី២៥ ហើយ ដែលជាករណីនាំចូលមកពីខេត្តផ្សេងៗ៕