មនុស្សចំនួន ១៤នាក់ទៀត ត្រូវបានរកឃើញមានផ្ទុកជំងឺកូវិដ១៩ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ ខេត្តបាត់ដំបង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានជារៀងរាល់ថ្ងៃ ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មនុស្សចំនួន ១៤នាក់ថ្មីបន្ថែមទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៥នាក់ និងពលករមកពីប្រទេសថៃចំនួន ៩នាក់ ខណៈថ្ងៃនេះដែរ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៤នាក់ផងដែរ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុគ្គលដែលឆ្លងជំងឺទាំង ១៤នាក់ រួមមាននៅស្រុកឯកភ្នំ ចំនួន ៤នាក់ ស្រុកមោងឫស្សី ចំនួន ៤នាក់ ស្រុកគាស់ក្រឡ ចំនួន ១នាក់ ស្រុករុក្ខគិរី ចំនួន ១នាក់ ស្រុកបាណន់ ចំនួន ៣នាក់ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១នាក់។ បុគ្គលទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមស្រុកនានានិងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ។

ចំពោះអ្នកជំងឺកូវីដ១៩ ដែលបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ៤នាក់ គឺជាអ្នករស់នៅរាធានីភ្នំពេញ ចំនួន ១នាក់ ស្រុកបាណន់ចំនួន ១នាក់ និងស្រុកកំរៀង ចំនួន ២នាក់ ។ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់មានចំនួន ៤៨៣នាក់ ព្យាបាលជាសះស្បើយចំនួន ១៧៨នាក់ មានករណីស្លាប់ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកតាមស្រុកនានានិងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន ៣០៣នាក់ ។  

យ៉ាងណាមិញ រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ សូមទៅធ្វើតេស្តជាបន្ទាន់ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលទៅក្នុងសហគមន៍ផ្សេងទៀត និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសុខាភិបាល ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍បីកុំ បីការពារ ដើម្បីឈ្នះជំងឺកូវីដ១៩ ៕អាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។