ភ្ញាក់ផ្អើល!! ពលរដ្ឋភ្ជួរដីចម្ការ ប្រទះឃើញវត្ថុសិល្បៈបុរាណ ១៧ដុំ នៅក្បែរប្រាសាទតាស្រី ក្នុងស្រុកស្វាយចេក និងបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច!

(បន្ទាយមានជ័យ)៖ វត្ថុសិល្បៈបុរាណចំនួន ១៧ដុំ ត្រូវបានប្រជាពលរដ្ឋរស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រទះឃើញស្របពេលកំពុងភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល ខាងលិចឈាងខាងជើងភូមិតាអុងលិច ក្បែរប្រាសាទតាស្រី។ 

វត្ថុសិល្បៈបុរាណដែលប្រជាពលរដ្ឋបានប្រទះឃើញទាំងនេះ ត្រូវបានពលរដ្ឋប្រគល់ជូនអាជ្ញាធរ ខណៈដែលអាជ្ញាធរ បានធ្វើការប្រគល់ជូនបន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងចុះបញ្ជី រក្សាទុកនៅសារៈមន្ទីរសហគមន៍ នាស្រុកស្វាយចេកនោះតែម្តង ។

បើតាម អភិបាលស្រុកស្វាយចេក លោក លឿង សុភក្តិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ពលរដ្ឋ បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូង ក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន។ បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ  ហើយក៏ភ្ញាក់ផ្អើលឡើងដល់កសិករ និងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ ។

ដោយឮខ្ទរខ្ទារបែបនេះ ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ពោលគឺដើម្បីកុំឱ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ) ។

ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏បានថ្លែងអំណរគុណពលរដ្ឋ ដែលបានរកឃើញ និងប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ ដើម្បីរក្សាទុកមិនឱ្យបាត់បង់ ដែលនេះជាស្មារតីស្នេហាមរតកវប្បធម៌ បេតិកភណ្ឌ សិល្បៈ និងអត្តសញ្ញាណជាតិខ្មែរ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះសារៈមន្ទីរស្វាយចេក ទទួលបានវត្ថុសិល្បៈបុរាណពីពលរដ្ឋ សមត្ថកិច្ច និងមុខសញ្ញាផ្សេងទៀត យកមកដាក់តាំងមានចំនួន ៥២៦ដុំ /រូប /បន្ទះ រួចមកហើយ៕