មន្ទីរពេទ្យបង្អែកកោះកុង៖ បុរសវ័យ ៦៤ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩, ក្រុមគ្រូពេទ្យនិងអាជ្ញាធរ កំពុងស្វែករកអ្នកជាប់ពាក់ព័ន្ធ!

(កោះកុង)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បុរសវ័យ ៦៤ឆ្នាំម្នាក់ នៅខេត្តកោះកុង បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈសាច់ញាតិចំនួន ២នាក់ ក៏ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ផងដែរ ហើយក្រុមគ្រូពេទ្យ និងអាជ្ញាធរ កំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបាននៅមុននេះបន្តិច។

បើតាមក្រុមគ្រូពេទ្យ បានឲ្យដឹងថា ប្រវត្តិរបស់អ្នកជំងឺគឺធ្វើដំណើរមកពីរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃមកហើយ ដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេ នៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានឱ្យដឹងថ្ងៃទី១០ ខែមិថុនាថា នៅម៉ោង ៧និង៣០នាទី មានបុរសឈ្មោះ ចាន់ លី បានស្លាប់ នៅលើរថយន្តមុនពេលមកដល់មន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានបន្តថា ក្នុងអំឡុងពេល ៤ថ្ងៃនេះ បុរសដែលស្លាប់មានអាការៈដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវជាបន្ទាន់មួយមិនអនុញ្ញាតឱ្យយកអ្នកជំងឺចេញពីរថយន្តភ្លាមៗទេ។

លោកប្រធានមន្ទីរពេទ្យ បានអះអាងថា  ចៀសវាងមាន ហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ ករណីសង្ស័យលើអ្នកពាក់ព័ន្ធនេះ ខាងក្រុមគ្រូពេទ្យពុំអនុញ្ញាតឱ្យក្រុមគ្រួសារយកសាកសពចេញពីមន្ទីរពេទ្យឡើយ ដើម្បីផ្តល់លទ្ធភាពដល់ក្រុមគ្រូពេទ្យរៀបចំវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ។

បើតាម លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់បន្ថែមថា មន្ត្រីសុខាភិបាល កំពុងតាមដានរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកស្លាប់ជាច្រើន នៅតំបន់វង់កាថៈ ឃុំប៉ាក់ខ្លង ជាពិសេស ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គ្រាដែលកូនប្រសាររបស់បុរសវ័យចំណាស់ដែលស្លាប់បម្រើការងារនៅការិយាល័យរដ្ឋបាលនៅរោងចក្រ KKN រសៀលថ្ងៃនេះ។

លោកវេជ្ជបណ្ឌិត បានអះអាងទៀតថា សពបុរសឈ្មោះ ចាន់ លី យកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំពោះសាច់ញាតិដែលរកមិនឃើញវិជ្ជមានកូវីដ ចំនួន៥នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក នៅចម្ការរបស់ពួកគេនៅតំបន់វង់កាថៈ៕