សម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសារលិខិត ស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកជំងឺឆ្លងកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។

តាមរយៈលិខិតនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅដូចតទៅ៖

១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។

២. កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។

៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ-និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការ បញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (App) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ដោយឡែក ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាក ផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់ អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុងរស់នៅ ដើម្បីសុំការសម្ភាស និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភ សាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់។

សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំសង្កាត់ ដែលនៅ ជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨៕