គួរឲ្យសរសើរមែន!! Miss Universe 2020 ​មិន​ប្រើ Nick Name មិន​ប្រើ​ឈ្មោះ​បរទេស ប្រើ​តែ​ឈ្មោះ​ខ្មែរ​ “សុរៈក្ខិតា” ហើយ​មាន​ន័យ​ល្អ​ទៀត

(កម្សាន្ដ) ៖ ប្រិយមិត្តអ្នកលេងបណ្ដាញហ្វេសប៊ុក ប្រកដជាបានជ្រាប និងធ្លាប់បានឃើញហើយ​ថា ​នៅ​ក្នុង​សិល្បៈ​មាន​ការ​និយម​ប្រើ​ឈ្មោះ​ហៅ​ក្រៅ ឬ Nick Name ដើម្បី​ងាយ​ស្រួល​ចាំ ពីរោះ និង​ទាក់​ទាញ​ជាដើម។ ប៉ុន្តែ កញ្ញា ឌី សុរៈក្ខិតា មិន​មាន​ប្រើ​នោះ​ទេ ក្រៅ​ពី​ឈ្មោះ​កំណើត ឈ្មោះ​ពិត​របស់​នាង​ដែល​ជា​ឈ្មោះ​សូរសៀង​ខ្មែរ​សុទ្ធ ថែម​ទាំង​មាន​ន័យ​ល្អ​ថែម​ទៀត​ផង។

ឈ្មោះ​របស់​ស្រី​ស្អាត គឺ ឌី សុរៈក្ខិតា ដែល​ប្រិយមិត្ត​បាន​លឺ​ចាប់​តាំង​ពី​ការ​ប្រកួត​កម្មវិធី Miss Universe 2020 មក ដែល​ក្នុង​កម្មវិធី​នេះ នាង​ទទួល​បាន​ ជយលាភី​លេខ​៣(Second Runner Up)។ យ៉ាង​ណា នេះ​មិន​មែន​ជា​ការ​បោះ​ជំហាន​ចូល​សិល្បៈ​លើក​ដំបូង​របស់​នាង​ទេ។ សុរៈក្ខិតា បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ តាម​រយៈ​ការ​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី Miss Grand Cambodia ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ (First Runner Up)។

តាំង​ពី​នោះ​មក នាង​បាន​ប្រើ​ឈ្មោះ ឌី សុរៈក្ខិតា រហូត​មក ដោយ​មិន​មាន​ប្រើ​ប្រាស់​ឈ្មោះ​ហៅ​ក្រៅ ឬ Nick Name ផ្សេង​ ដែល​នាង​បាន​ជ្រើសរើស​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ប៉ុន្តែ​ក្នុង​ចំណោម​មិត្តភ័ក្តិ ច្រើន​ហៅ​នាង​ខ្លី​ថា “ក្ខិតា” ឬ “ឃីត”។ “នៅ​ក្នុង​សិល្បៈ​នេះ គេ​ហៅ ក្ខិតាៗ ប៉ុន្តែ​ពី​ក្មេង​មក ហៅ​ខ្លី​ថា ឃីតៗ ដោយ​សារ​កាល​ហ្នុង​មាន ស្ករ​គ្រាប់​ ឃីតៗ នោះ​បង អីចឹង​គេ​ហៅ​ចឹង​រហូត​មក”។ សុរៈក្ខិតា បានរៀបរាប់។

យ៉ាង​ណា សម្រាប់​នាង​ផ្ទាល់ គឺ​មិន​មាន​ប្រើ​ឈ្មោះ​ផ្សេង​ក្នុង​សិល្បៈ ក្រៅ​ពី​ឈ្មោះ​ដែល​គ្រួសារ​ដាក់​ឲ្យ​នោះ​ទេ។ យុវតី​វ័យ ២៧​ឆ្នាំ ប្រាប់​ថា ឈ្មោះ​នេះ​ជា​ឈ្មោះ ដែល​លោក​តា​នាង​បាន​ដាក់​ឲ្យ ដូច្នេះ​ហើយ នាង​ស្រឡាញ់​ឈ្មោះ​នេះ​ណាស់ ព្រោះ​ជា​ឈ្មោះ ប្លែក ពីរោះ មាន​តែ​មួយ និង​មាន​សំនៀង​ជា​ខ្មែរ ១០០%។ តាម​តារា​ស្រី បាន​ឲ្យ​ដឹង​ថា លោក​តា​របស់​នាង​ដែល​ជា​ចាស់​ទុំ​ក្នុង​គ្រួសារ​ បាន​គុណ​គូរ​តាម​ក្បួន​ខ្នាត​របស់​ខ្មែរ ទើប​សម្រេច​យក​ឈ្មោះ​ហ្នឹង!។

“ឈ្មោះ​ហ្នឹង​មិន​មែន​ប៉ា​ម៉ាក់​អ្នក​ដាក់​ទេ គឺ​លោក​តា​អូន​អ្នក​ដាក់ គឺ​គាត់​យក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អូន និង​ថ្ងៃ​ខែ​កំណើត​ប៉ាម៉ាក់ យក​ទៅ​គុណ​គូរ…អីចឹង​ទៅ​អូន​អត់​ដឹង​ដែរ​ថា គេ​ធ្វើ​ម៉េច​ខ្លះ​ទេ ទើប​បាន​ឈ្មោះ​ហ្នឹង​មក!”។ ក្ខិតា ថ្លែង។

ចំពោះ​អត្ថន័យ​វិញ បើ​តាម​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា “សុរៈក្ខិតា” គឺ​មាន​ន័យ​ថា​ជា​ទេវតា​ថែ​រក្សា​សភាវៈ​ល្អ។ ដូច្នេះ​ហើយ ដោយ​សារ​ឈ្មោះ​ល្អ សូរ​ពីរោះ នាង​ពេញ​ចិត្ត ហើយ​មិន​មាន​គម្រោង​ប្រើ​ប្រាស់​ឈ្មោះ​ហៅ​ជំនួស​ផ្សេង​ទៀត​នោះ​ទេ។

ឌី សុរៈក្ខិតា បច្ចុប្បន្ន​មាន​វ័យ ២៧ ឆ្នាំ បច្ចុប្បន្ន​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ​មួយ។ ដោយ​សារ​តែ​មាន​ការងារ​ពេញ​ម៉ោង​នេះ​ហើយ ទើប​គេ​ឃើញ​ថា ក្ខិតា មិន​បាន​ប្រឡូក​ការងារ​សិល្បៈ​ពេញ​ទំហឹង។ សាមី​ខ្លួន ប្រាប់​ថា រាល់​ថ្ងៃ​នាង​ទទួល​តែ​ការងារ ថត​ស្ប៉ត​ពាណិជ្ជកម្ម ដោយ​ឡែក​​ភាពយន្ត មិន​បាន​ទទួល​ទេ ដោយ​សារ​មិន​មាន​ពេល​គ្រប់​គ្រាន់។ ប៉ុន្តែ​នាង គ្រោង​នឹង​បើក​ផ្លូវ​ទទួល​ការងារ​នេះ​ឆាប់​ៗ ដើម្បី​បាន​ពិសោធន៍​កាន់​តែ​ច្រើន​ក្នុង​នាម​ជា​សិល្បការិនី​ម្នាក់៕ 

ដោយ ៖ ឡាយ ​កុល