ក្មេងស្រី ដែលបាត់ខ្លួនឃជាង១ឆ្នាំ តាំងពីខែមីនា ឆ្នាំ២០២០ រកឃើញវិញហើយ ខណៈឪពុកម្តាយអរគុណសមត្ថកិច្ច និងអង្គភាព PND TV ដែលជួយផ្សព្វផ្សាយស្វែងរក!

(ភ្នំពេញ) ៖ បន្ទាប់ពីមានការផុសព័ត៍មានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ក៏ដូចជានៅក្នុងអង្គភាពសារព័ត៌មាន PND TV អំពីការស្វែងរកក្មេងស្រីម្នាក់ ឈ្មោះ លី ម៉េងទាង អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រួចមកក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាជួយស៊ែរចែករំលែកជាបន្តបន្ទាប់រយៈពេល ២ថ្ងៃ, ជាលទ្ធផលជាក់ស្ដែង នៅពេលនេះក្មេងស្រីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបានប្រតិបត្តិការរកឃើញ និងបានកោះហៅ ឪពុកម្តាយ និងក្រុមគ្រួសារសាច់ញាតិឲ្យទៅទទួលមកផ្ទះវិញហើយ។ នេះបើតាមការបញ្ជាក់ពីឪពុកម្តាយ និងសាច់ញាតិ របស់ក្មេងស្រី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមឪពុកម្តាយ និងសាច់ញាតិក្មេងស្រីរូបនេះ បានរៀបរាប់ទាំងអារម្មណ៍សប្បាយរីករាយមកកាន់អង្គភាពសារព័ត៌មាន PND TV តាមរយៈទូរស័ព្ទថា កូនស្រីរបស់គាត់ បានរកឃើញនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្របីវាល ខេត្តសៀមរាប  បន្ទាប់ពីបាត់ខ្លួនចេញពីរផ្ទះ ជាង ១ឆ្នាំ តាំងពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ដោយមានការទំនាក់ទំនង់ជាមួយក្មេងប្រុសម្នាក់ ឈ្មោះ ជីង រស់នៅម្តុំលូប្រាំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​

ចំពោះការរកឃើញនេះដែរ  គឺដោយសារតែក្មេងស្រីរូបនេះ បានខ្ចីទូរស័ព្ទរបស់ម្ចាស់ផ្ទះដែលខ្លួនបានស្នាក់ជាបណ្តោះអាសន្ននោះ ដើម្បីមើលហ្វេសប៊ុកក៏ស្រាប់តែឃើញនូវព័ត៌មានដែលស្វែងរកខ្លួន ភ្លាមៗនោះស្រីរូបនេះ ក៏បានទំនាក់ទំនងជាមួយសាច់ញាតិបងប្អូន ឲ្យមកទទួលយកខ្លួននៅភូមិក្របីវាល ខេត្តសៀមរាបនេះតែម្តង។ នេះបើតាមការអះអាងរបស់ឪពុកម្តាយ សាច់ញាតិក្មេងស្រីដែលបាត់ខ្លួន។

ជាមួយគ្នានេះដែរ ឪពុកម្តាយក្មេងស្រីរូបនេះបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលបាត់ខ្លួន កូនស្រីរបស់គាត់ និងក្មេងប្រុសខាងលើ បាននាំគ្នាទៅលេងផ្ទះបងប្អូនសាច់ឆ្ងាយដែលស្ថិតក្នុងភូមិឃុំខាងលើ ខណ:ក្មេងប្រុសរូបនេះ បានឲ្យកូនស្រីរបស់គាត់ទៅជួយមើលថែស្រ្តីម្នាក់ ដែលអះអាងថាជាបងប្អូនរបស់ខ្លួន(ក្មេងប្រុស) ដែលឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ  បន្ទាប់មកក្មេងប្រុសរូបនេះ ក៏បានគេចខ្លួនបាត់។ ក្រោយមកក្មេងស្រីឈ្មោះ លី ម៉េងទាង​ មិនដឹងថាទៅណាឡើយក៏បានសម្រចចិត្តរស់នៅជាមួយម្ចាស់ផ្ទះដែលជាបងប្អូនសាច់ឆ្ងាយជាមួយក្មេងប្រុសនេះវិញ កូនស្រីរបស់គាត់ បានរងការស្តីបន្ទោសពីសំណាក់ម្ចាស់ផ្ទះខ្លះៗ តែមិនឈានដល់ការប្រើអំពើហិង្សាលើរូបរាងកាយកូនស្រីគាត់នោះទេ។

ជុំវិញនឹងករណីនេះដែរ ឪពុកម្តាយក្មេងស្រី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលកូនស្រីមកដល់ផ្ទះ ភ្លាមៗគាត់មិនទាន់ហ៊ានសួរនាំកូនស្រីច្រើនពេកទេ ព្រោះបារម្ភខ្លាច កូនស្រីរបស់គាត់ធ្វើរឿងបែបនេះម្ដងទៀត ណាមួយទុកពេលឲ្យគាត់(កូនស្រី) សម្រួលអារម្មណ៍ឲ្យស្ងប់សិន។

យ៉ាងណាមិញ ឪពុកបានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដមចាងហ្វាង នៃអង្គភាពសារព័ត៌មាន PND TV ព្រមទាំងក្រុមការងារ ដែលបានជួយ ផ្សព្វផ្សាយ និងស្វះស្វែងរកកូនស្រីរបស់គាត់ទាល់តែបានឃើញវិញ។ ម៉្យាងវិញទៀត គាត់ក៏បានអរគុណដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានជួយស៊ែរព័ត៌មានពីការស្វែងរកកូនស្រីរបស់គាត់ រហូតដំណឹងមួយនេះ បានឃើញទៅដល់កូនរបស់គាត់ផងដែរ។ បន្ថែមពីនេះ លោកបាននិយាយថា ក្រុមគ្រួសារ សាច់ញាតិបងប្អូនរបស់លោកពិតជាមានការសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមមិនបាន បន្ទាប់ពីកូនស្រីជាទីស្រឡាញ់ ដែលបានបាត់ខ្លួនជាង ១ឆ្នាំ បានជួបជុំគ្រួសារវិញ៕អាចជារូបភាពនៃ 1​ នាក់ និង ផ្កា