សម្តេច ទៀ បាញ់៖ ចិនជួយស្ថាបនាកំពង់ផែរាមកម្ពុជា ឱ្យទំនើបជាងមុន ហើយទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែន…

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ភាគីចិនដែលជាមិត្តដែកថែប បានជួយអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជា ឱ្យទំនើបជាងមុនដោយមិនមានចំណង ហើយបន្ទាប់ពីសង់រួច ទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។

សម្តេច បានបញ្ជាក់ដូច្នេះថា៖ «ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។ សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារ៉ាក់តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ»។

សម្តេច បញ្ជាក់បន្ថែមថា រាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការងារឲ្យកងទ័ពជើងទឹក មានតម្រូវការសាងសង់, ការអភិវឌ្ឍតំបន់រាមនេះ មិនមែនប្រាក់តិចតួចអាចធ្វើបាននោះទេ ហើយកម្ពុជាក៏មិនមានលទ្ធភាពក្នុងការអភិវឌ្ឍដោយខ្លួនឯងដែរ គឺមានចិនជាដៃគូបានផ្តល់ជំនួយ ហើយថា កម្ពុជាបានរំលឹកអំពីគុណបំណាច់របស់ភាគីចិន ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សម្តេច បានបញ្ជាក់ទៀតថា «ឥឡូវនេះ (កំពង់ផែរាម) គឺចាប់ផ្តើមដំណើរការ (សាងសង់) ហើយ ដោយបញ្ជូន(សម្ភារៈ) មកដើម្បីកសាងតាមតម្រូវការកម្ពុជា ហើយកម្ពុជាទេ ជាអ្នកប្រើប្រាស់កម្ពុជាទេ អភិវឌ្ឍជាតិមាតុភូមិរបស់ខ្លួន, មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ»។

ការបញ្ជាក់អំពីការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះដែរ។

សម្តេច បានបន្ថែមថា «តើកម្ពុជាមានសិទ្ធិទេក្នុងការស្វះស្វែងរកជំនួយមកអភិវឌ្ឍប្រទេសខ្លួន? រដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ណាស់ ប្រទេសកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន និងការពារសណ្តាប់ធ្នាប់របស់ប្រទេស»។

សម្តេចបន្តថា៖ «ពិតហើយថា សមុទ្រយើងតូច តែយើងក៏ត្រូវការមានដែរនូវកន្លែងសំចតនាវា រោងជាងសម្រាប់ជួសជុល យើងក៏មានដែរនូវនាវាតូចតាចមួយចំនួន ហើយបើយើងមានលទ្ធភាពយើងក៏ត្រូវអភិវឌ្ឍនាវារបស់យើងឱ្យមានទំហំធំជាងមុន»។

សម្តេចជឿជាក់ថា ការចោទប្រកាន់របស់សារព័ត៌មានអាមេរិក មកលើកម្ពុជា មិនមែនដោយសារតែការអភិវឌ្ឍតំបន់រាមនោះទេ ប៉ុន្តែអាចដោយសារកត្តាភូមិសាស្រ្តនយោបាយ។

សម្តេចបានចាត់ទុកថា ការដែលផ្សាយថា កម្ពុជាបានប្រគល់កំពង់ផែរាមទៅឱ្យចិនគ្រប់គ្រងផ្តាច់មុខ គឺជាការនិយាយបែបងងើល ដែលធ្វើដូចជាថាកម្ពុជាគ្មានច្បាប់ ឬគ្មានសិទ្ធិធ្វើអ្វីទាំងអស់។ សម្តេចបានបញ្ជាក់ហើយថា រដ្ឋធម្មនុញ្ញរបស់យើងបានចែងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួនទេ ហើយយើងមិនក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសដែរ ដែលបញ្ហានេះកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសារហើយ «ប៉ុន្តែគេមិនយកត្រចៀកស្តាប់»៕សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ បរិច្ចាគថវិកា ៣០,៥៧០,០០០រៀល  ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ដោយ ៖ ឡាយ កុល