ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២១នាក់ ខណៈខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧៧នាក់ ភាគច្រើនជាកម្មកររោងចក្រ

រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២១នាក់ទៀត ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា បុគ្គលដែលរកឃើញវិជ្ជមានកូវីដ១៩ទាំង២១នាក់នេះ មាននៅក្រុងស្វាយរៀង ចំនួន ២នាក់, ស្រុកស្វាយជ្រំ ចំនួន ៩នាក់, នៅតំបន់ SEZ សានតុង សាន់ស៊ែល ចំនួន៣នាក់ និងអ្នកចំណាកស្រុកវិលចូលក្នុងខេត្ត ចំនួន៤នាក់។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៨នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួនម្នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន២នាក់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តស្វាយរៀង រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៥០នាក់ ស្រី២៨៧នាក់ ក្នុងនោះជាសះស្បើយ ចំនួន៣៦៧នាក់ ស្រី១៤៨នាក់, កំពុងសម្រាកព្យាបាល ចំនួន១៧៧នាក់ ស្រី១៣៧នាក់ និងករណីស្លាប់ ចំនួន៥នាក់ ស្រី២នាក់។

ដោយឡែកចំពោះខេត្តកំពង់ចាមវិញ បានប្រកាសពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៧៧នាក់ទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

ដោយក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនេះ បានបញ្ជាក់ថា បុគ្គលដែលទើបរកឃើញវិជ្ជមានកូវីដ១៩ ទាំង ៧៧នាក់នេះ មាននៅស្រុកចំការលើ ចំនួនម្នាក់, ស្រុកព្រៃឈរ ចំនួនម្នាក់, ស្រុកជើងព្រៃ ចំនួន ៨នាក់, ស្រុកបាធាយ ចំនួន៣នាក់ និងមកពីខេត្តកំពង់ធំ ចំនួន ៦៤នាក់។ ហើយអ្នកជំងឺទាំងនេះ ត្រូវបានក្រុមគ្រូពេទ្យយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ នឹងកន្លែងព្យាបាលកម្រិតសម្រាល នៅវិទ្យាល័យព្រះសីហនុ ដែលមានចំនួនអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន ៥២៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

លើសពីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទ