រដ្ឋមន្ត្រី ថោង ខុន៖ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នាចុងសប្តាហ៍ទីបីនៃខែឧសភា!

(ភ្នំពេញ)៖  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងថា នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍ទីបីនៃខែនេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។

លោក ថោង ខុន បានបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០ នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖ខេត្តកំពត៖ ១០,៩៤២ នាក់, –ខេត្តកែប៖ ៧,២៥៧ នាក់, –ខេត្តបាត់ដំបង៖ ៦,៩៣០ នាក់, –ខេត្តសៀមរាប៖ ៦,០៣៣ នាក់, –ខេត្តកំពង់ស្ពឺ៖ ៣,៨៩០ នាក់, –ខេត្តព្រះសីហនុ៖ ៣,២១៦ នាក់, –ខេត្តពោធិ៍សាត់៖ ២,៧៥៣ នាក់។

ជាមួយគ្នានេះដែរ លោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។

លោក ថោង ខុន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ (បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន។

លោក ថោង ខុន បានបន្តទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួនដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដូចជារមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥% សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០% សម្រាប់ការបាញ់ធ្នូ និង ១០% សម្រាប់ការទទួលអាហារ) ជាដើម៕