ជូនដំណឹង៖ កម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង ដែលអាចធ្វើឲ្យមានភ្លៀងធ្លាក់ពីថ្ងៃទី១៩-២៥ ខែឧសភា, សូមពលរដ្ឋបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២១។

ក្រសួងធនធានទឹក បានបញ្ជាក់ថា អំឡុងពេលសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon) ដែលនឹងធ្វើឲ្យបណ្តាឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ឯតំបន់មាត់សមុទ្រ សូមប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕