ទីបំផុត! ឌួង ឆាយ បានលាចាកសិក្ខាបទហើយ ព្រមទាំងបង្ហោះសារដោយក្ដីអាឡោះអាល័យបែបនេះថា…

(កម្សាន្ដ) ៖ ជឿថាប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជានៅចាំរឿងរ៉ាវចម្រូងចម្រាស បែកអូ ហូរស្ទឹងផ្ទុះបណ្ដាញសង្គម រវាងលោក ឌួង ឆាយ និងអតីតភរិយាលោកស្រី ដេត ម៉ាលីណា។ ដែលនេះជាជម្លោះដ៏កក្រើកមួយបានធ្វើឲ្យលោក ឌួង ឆាយ របូតងារជា «ឧកញ៉ា» កាលពីពេលកន្លងទៅ ហើយជម្លោះរវាងអ្នកទាំងពីរនៅតែពុះកញ្ជ្រោលដូចបាយពុះ ដែលបង្ខំចិត្ត អតីតឧកញ៉ា រូបនេះក៏បានសាងភ្នោះដើម្បីអាហោសិកម្ម ក៏ទុកដូចជាការបញ្ចប់រឿងមួយនេះផងដែរ។ ហើយស្រាប់តែថ្មីៗនេះលោក ឌួង ឆាយ ក៏បានផុសនូវដំណឹងដ៏រសើបមួយថា លោកបានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ។
ជាក់ស្ដែងលោក ឌួង ឆាយ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានសង្ឃដីកាថា «ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។
ព្រះតេជគុណ ឌួង ឆាយ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរគុណព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។
ជាចុងក្រោយ ព្រះតេជគុណ ឌួង ឆាយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ៕

អាចជារូបភាពនៃ 8 នាក់ និង មនុស្ស​កំពុង​ឈរ