រកឃើញវិជ្ជមានកូវីដ១៩លើស្ត្រីម្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ទៅលើស្ត្រីឈ្មោះ ឡាយ សារុំ អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ នេះបើយោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត គង់ ចន័្ទធា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ២នាក់ប្ដីប្រពន្ធបានឌុបគ្នាមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគំរូក្រុង ដើម្បីសុំឱ្យគ្រូពេទ្យពិនិត្យសំណាក ដោយសារតែស្ត្រីជាប្រពន្ធមានអាការៈមិនស្រួលខ្លួនខ្លាំង។ បន្ទាប់ពីពិនិត្យសំណាក ប្រពន្ធត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ រីឯប្ដីលទ្ធផលអវិជ្ជមានលើកទី១ ហើយស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅព្យាបាលនៅស្រុកកំពង់ត្រឡាច។ ពាក់ព័ន្ធនឹងករណីនេះ បច្ចុប្បន្នបុគ្គលិក នៃមន្ទីរសុខាភិបាល និងអាជ្ញាធរ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកពិនិត្យសំណាកជាបន្ទាន់ផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ពីរកឃើញស្ត្រីខាងលើនេះ មានវិជ្ជមានកូវីដ១៩ សមត្ថកិច្ច និងអាជ្ញាធរសហការជាមួយបុគ្គលិក នៃមន្ទីរសុខាភិបាលបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន៥នាក់ ដែលត្រូវជាក្រុមគ្រួសាររបស់ស្ត្រីខាងលើនេះ។ ក្នុងនោះមានម្នាក់ឈ្មោះ សេង ចាន់ថន ភេទស្រី អាយុ ៥២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ M.V មានទីតាំងក្នុងក្រុងកំពង់ឆ្នាំង។

លោកអធិការ បានបន្តថា ស្ត្រីដែលវិជ្ជមានកូវីដ១៩ ខាងលើនេះ គាត់ជាអតីតកម្មការនីរោងចក្រ M.V តែគាត់បានឈប់អស់រយៈពេល ២ខែមកហើយ លុះនៅព្រឹកថ្ងៃ១៧ ខែឧសភានេះ ស្ត្រីខាងលើ បម្រុងឡើងជិះរថយន្តទៅធ្វើការសម្ភាសន៍នៅរោងចក្រ M.V ដើម្បីចូលធ្វើការនៅរោងចក្រនេះឡើងវិញ។

តែនៅពេលដែលបម្រុងឡើងឡានរោងចក្រទៅហើយ ក៏ស្រាប់តែគាត់មានអាការៈវិលមុខ ទើបខកខានមិនបានទៅវិញ ហើយបានឱ្យប្ដីរបស់គាត់នាំទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយក៏បានរកឃើញស្ត្រីជាប្រពន្ធ វិជ្ជមានកូវីដ១៩ នៅថ្ងៃដដែលនេះផងដែរ។

យ៉ាងណាមិញ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត ក៏បានបញ្ជាក់ដែរថា នៅថ្ងៃនេះក្រុមការងាររបស់លោកសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលើនេះ មានចំនួន៥នាក់ និងបានពិនិត្យសំណាកជាបឋមលើកទី១ អវិជ្ជមានទាំងអស់គ្នា។

អ្នកទាំង ៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យតេជោ ទឹកហូត ក្នុងស្រុករលាប្អៀរ រួចហើយ។ ចំណែកអ្នកដែលបានប៉ះពាល់ផ្ទាល់កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ម្សិលមិញ ក្រុមការងារគ្រូពេទ្យ មិនទាន់អាចយកសំណាកពិនិត្យភ្លាមៗបាននៅឡើយនោះទេ ដោយរង់ចាំគម្រប់ ៥ថ្ងៃសិន (ពិនិត្យភ្លាមៗមើលមិនទាន់ឃើញ)៕