លោក អូន ព័ន្ធមុនីរ័ត្ន លើកទឹកចិត្តឲ្យសឹង្ហបូរីជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក្រោយឥទ្ធិពលជំងឺកូវីដ-១៩ ត្រូវបញ្ចប់!

 នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីឌីអូ ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា

នៅក្នុងឱកាសជំនួបពិភាក្សា លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) និងបានសំដែងនូវកង្វល់ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ នៅកម្ពុជា ក៏ដូចជាផលប៉ះពាល់ អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់គម្រោង PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារ កម្មជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារឡើងវិញ នៃសេដ្ឋកិច្ចនៅកម្ពុជា។

ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីឈានដល់ការគ្រប់គ្រង និងការកំណត់តំបន់គោលដៅភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ កម្រិតមធ្យម និងកម្រិតស្រាលរហូតដល់អាចបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ជាបណ្ដើរៗ នូវគោលដៅភូមិសាស្ត្រនានា ដែលបានវាយតម្លៃរួចនាពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីធានាស្ថិរភាពនៅក្នុងដំណើរការជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំង ដើម្បីបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏ដូចជានៅតាមបណ្ដាខេត្តដទៃទៀតរាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធនាការជាតិវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យមានភាពសុំាសហគមន៍ (Herd Immunity) ទប់ទល់នឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា-សឹង្ហបុរី កន្លងមក និងនាពេលអនាគត ជាពិសេស ក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយលើកទឹកចិត្តសឹង្ហបូរីជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរចំពោះលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ឲ្យទទួលនូវភាពជោគជ័យ គ្រប់ភារកិច្ចក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសំដែងនូវឆន្ទៈមុតមាំក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការកម្ពុជា-សង្ហបូរី ឲ្យកាន់តែរឹងមាំនាពេលអនាគត៕នាពេលបច្ចុប្បន្ន!! តើលោក អូន ព័ន្ធមុនីរ័ត្ន កាន់តួនាទី និងតំណែងអ្វីខ្លះ? -  Cambofox