បិទទីតាំងពិគ្រោះព្យាបាលជំងឺ និងឱសថស្ថាន២កន្លែង នៅខេត្តឧត្តរមានជ័យ ក្រោយពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩

(ឧត្តរមានជ័យ)៖  អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីសុខាភិបាល ចុះបិទខ្ទប់ទីតាំងពិគ្រោះព្យាលជំងឺ និងឱសថស្ថានចំនួន ២កន្លែង នៅក្នុងខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន ក្រោយពាក់ព័ន្ធជាមួយបុរសអ្នកដើរលក់ថ្នាំពេទ្យម្នាក់ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានថ្លែងប្រាប់ឲ្យដឹងថា ទីតាំងពិគ្រោះព្យាលជំងឺ និងឱសថស្ថានចំនួន២កន្លែង រួមមាន៖ ១.ទីតាំងឱសថស្ថាន «សុវណ្ណដែន» ហៅពេទ្យបាន នៅក្នុងទីប្រជុំជនស្រុកអន្លង់វែង និង២.ទីតាំងពិគ្រោះព្យាបាលជំងឺ «ភួង ថាវរី» នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន និងមានមនុស្សចំនួន ២២នាក់ កំពុងពិនិត្យយកសំណាក។

ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាល បានប្រាប់ឲ្យដឹងទៀតថា ពេលនេះក្រុមមន្ត្រីសុខាភិបាល កំពុងពិនិត្យយកសំណាកមនុស្សចំនួន ១៨នាក់ នៅទីតាំងឱសថស្ថានសុវណ្ណដែន ហៅពេទ្យ បាននៅស្រុកអន្លង់វែង និងបន្តយកសំណាកមនុស្ស ៤នាក់ទៀត នៅទីតាំងពិគ្រោះព្យាបាលជំងឺ ភួង ថាវរី ក្នុងស្រុកត្រពាំងប្រាសាទ ចំពោះលទ្ធផល នឹងដឹងក្រោយពីយកទៅពិនិត្យ។ ចំពោះទីតាំងទាំង២កន្លែងនេះ នឹងបន្តបិទខ្ទប់រយះពេល១៤ថ្ងៃផងដែរ៕