ស្ងាត់ៗ! នៅ ស្រីពៅ សំងំហាត់នៅស្ដាតចាស់ ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយ​ស៊ីហ្គេមចុងឆ្នាំនេះ

 ប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រាកដជាស្គាល់យ៉ាងច្បាស់ កីឡាការិនី នៅ ស្រីពៅ ដែល​ជម្រើសជាតិឃីកបុកស៊ីងកម្ពុជា។ ក្នុងដំណាក់កាលបិទខ្ទប់នេះ នៅ ស្រីពៅ បានបញ្ជាក់ថា ខ្លួនកំពុងសំងំហ្វឹកហាត់នៅកីឡដ្ឋានស្តាតចាស់ ដើម្បីសម្រួចសមត្ថភាពត្រៀមប្រជែងមេដាយកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ២០២១។

អតីតកីឡាករជម្រើសជាតិប្រដាល់សកលរូបនេះបានបញ្ជាក់ថា «ដ្បិតគេបិទខ្ទប់មែន ប៉ុន្តែខ្ញុំបានបោះជំរំហ្វឹកហាត់នៅស្ដាតចាស់រយៈពេលប្រហែល ៣ខែមកហើយ។ ដូច្នេះ ខ្ញុំអត់ប៉ះពាល់អីទេ។ ខ្ញុំហាត់ជាមួយលោកគ្រូ និងកូនសិស្សមួយចំនួនផ្សេងទៀត។ ខ្ញុំហាត់នៅស្ដាតចាស់រហូតដល់ស៊ីហ្គេមតែម្ដង»

ក្នុងនាមកីឡាការិនីម្នាក់ដែលត្រូវប្រកួតក្នុងវិញ្ញាសាថ្មីឃីកបុកសីង បន្ទាប់ពីសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ កាលពីដើមឆ្នាំ២០២១ នាងបាននឹងកំពុងយកចិត្តទុកដាក់ហ្វឹកហាត់ជាខ្លាំង ជាមួយគ្រូបង្វឹក លោក ជា រិទ្ធ ក្រោមលក្ខខណ្ឌបិទទ្វារហាត់ មិនចេញក្រៅឡើយអំឡុងគ្រាដ៏លំបាកនេះ។

នៅ ស្រីពៅ បន្ដថា «តាមរយៈការហាត់ប្រមាណ ៣ខែកន្លងមកនេះ ខ្ញុំមានភាពសុំាជាងមុន និងទម្លាប់បានល្អ ព្រោះមានការសមរាល់សប្ដាហ៍ ហើយមិនប្រឡំវ៉ៃក្បាច់គុនខ្មែរទេ។ ក្តីស្រមៃរបស់ខ្ញុំគឺឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ដូច្នេះខ្ញុំត្រូវសំងំហ្វឹកហាត់ឲ្យខ្លាំងក្លាតាមតែអាចទៅរួច»

គួរដឹងថា កីឡាការិនីវ័យ ២៥ឆ្នាំខាងលើបានចូលរួម ប្រកួតកីឡាស៊ីហ្គេមម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ នៅហ្វីលីពីន ដោយដណ្ដើមបានមេដាយសំរឹទ្ធ គ្រាដែលនាងប្រកួតលើប្រភេទកីឡាប្រដាល់សកល មុននាងប្ដូរមកចាប់អាជីពកីឡាឃីកបុកស៊ីង ហើយបានចូលរួមជាមួយក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ក្នុងឆ្នាំ២០២១៕កីឡាការិនី ​នៅ​ ​ស្រីពៅ ​រំលឹកពី​ទិដ្ឋភាពប្រដាល់​ឆ្នាំ​ចាស់​  និង​ដាក់​គោល​​ដៅ​ ឆ្នាំ២០២០ | Camsports

អត្ថបទ ៖ ឡាយ កុល