គាំទ្រពេញទំហឹង! ធ្លាប់មាននៅភូមា ពេលនេះមាននៅខ្មែរហើយ ផ្សារបែបថ្មី នៅតំបន់ក្រហម រៀបចំឱ្យលក់នៅឃ្លាតៗពីគ្នាបានយ៉ាងល្អ!

(ភ្នំពេញ) ៖ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមប្រាកដជាបានដឹងរួចមកហើយ ដោយមានការរីករាលដាលខ្លាំងនៃជំងឺឆ្លងសកលកូវីដ-១៩ យើងបានឃើញថា អាជ្ញាធរប្រទេសភូមា បានរៀបចំឲ្យមានការលក់ស្បៀងអាហារ បន្លែ ត្រី សាច់ នៅតំបន់ដែលឆ្លងរីករាលដាលខ្លាំង  ហៅថាតំបន់ក្រហម រៀបចំឱ្យលក់នៅឃ្លាតៗពីគ្នា។ ដោយឡែកនៅពេលនេះអាជ្ញាធររបស់កម្ពុជាបានរៀបចំផ្សារបែបថ្មី នៅតំបន់ក្រហម ដោយឱ្យអ្នកលក់នៅឃ្លាតៗពីគ្នា មានសណ្ដាប់ធ្នាប់ មិនបង្កឱ្យមានមនុស្សប្រមូលផ្ដុំ រក្សាគម្លាតពីគ្នា បានយ៉ាងល្អ មិនចាញ់ប្រទេសគេឡើយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៨ មេសា ២០២១ នេះ ផ្សារបែបថ្មី ដែលត្រូវបានអាជ្ញាធររៀបចំឡើងនៅតំបន់ក្រហម បានរំលេចរូបរាងឡើង ដោយមានគូសសញ្ញាខណ្ឌចែកកន្លែងលក់ដូរនៅដាច់ៗពីគ្នា ពីអ្នកលក់ម្នាក់ ទៅអ្នកលក់ម្នាក់ទៀត ។ ការរៀបចំនេះដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនដើម្បីទិញម្ហូបអាហារ ដែលចាំបាច់បំផុតមិនអាចខ្វះខាត ក្នុងពេលដែលទីលំនៅរបស់ខ្លួនមិនអាចធ្វើដំណើរចេញក្រៅបាននោះ ។ ការរៀបចំឱ្យអ្នកលក់ដូរ បានប្រកបរបររកស៊ីរកប្រាក់ចំណូល និងបានបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់នេះ បានធ្វើឱ្យមានការគាំទ្រពីសំណាក់ប្រជាជនផងដែរ ៕

សម្រួលអត្ថបទដោយ ៖ ឡាយ កុល