ដំណឹងថ្មី! អាជ្ញាធរជាតិអប្សរា បើកឲ្យចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ

(សៀមរាប) ៖ យោងតាមសេចក្តីជូនដំណឹង ដែលទទួលបាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹងរួម ស្តីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ។

សេចក្តីជូនដំណឹងរួមខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសេចក្តីសម្រេចឲ្យបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១តទៅ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទទួលបានផ្លូវការបញ្ជាក់ថា ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដែលថ្ងៃទី២០ ខែមេសាផងដែរ។ ដោយសារស្ថានភាព ការឆ្លងរាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

អត្ថបទដោយ ៖ ឡាយ កុល