ខេត្តស្វាយរៀង មានអ្នកកើតជំងឺកូវីដកើនដល់ ២០០នាក់ ជា ៥១នាក់ ខណៈអាជ្ញាធរអំពាវនាវអ្នកពាក់ព័ន្ធត្រូវធ្វើតេស្តរកមេរោគ

(ស្វាយរៀង)៖  នៅខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ២០០នាក់ អ្នកជាសះស្បើយ ៥១នាក់  នៅក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នាំឲ្យស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង ពុំទាន់មានការថមថយនៅឡើយទេ ដោយអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្ត អំពាវនាវអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងឱ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តដើម្បីតាមដានសុខភាព។

យោងតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា «រហូតមកដល់ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ កើនដល់២០០នាក់ហើយ ក្នុងនោះស្រី៧៧នាក់។ ចំណែកអ្នកជាសះស្បើយ ៥១នាក់ ស្រី២៨នាក់ និងមានអ្នកស្លាប់ម្នាក់ហើយ ចំពោះទីតាំងមុខរបររកស៊ី និងលំនៅដ្ឋានដែលប៉ះពាល់មានចំនួន ៣៨ទីតាំង ហើយអ្វីដែលជាពិសេសនោះ គឺការបិទខ្ទប់ការចេញចូលកាស៊ីណូ នៅក្រុងបាវិតរហូតដល់ថ្ងៃទី១៨ ខែមេសា និងអនុវត្តន៍វិធានសុខាភិបាលរហូតដល់ថ្ងៃ១៨ ខែមេសា ព្រោះនៅក្នុងកាសុីណូ វាមានហានិភ័យងាយងាយឆ្លងជំងឺ ដូច្នេះ ត្រូវតែបិទខ្ទប់ការចេញចូលកាស៊ីណូ ដើម្បីប្រមូលអ្នកដែលពាក់ព័ន្ធធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ»។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ និងវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង ផងដែរ។

ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មានការយល់ដឹងច្រើនអំពីវិធានការការពារសុខាភិបាលដោយនៅទីតាំងកន្លែងមួយចំនួនដូចជានៅទីប្រជុំជនតាមផ្សារ សង្កេតឃើញមានប្រជាពលរដ្ឋពាក់ម៉ាស បាញ់អាកុល និងមានការការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនផងដែរ ហើយអាជ្ញាធរបានចាក់មេក្រូផ្សព្វផ្សាយអំពីវិធានការការពារសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងដល់ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិស្រុក ក្រុងនានា នៅក្នុងខេត្តស្វាយរៀង ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺ កូវីដ១៩ នៅក្នុងសហគមន៍ផងដែរ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត