ក្រសួងសង្គមកិច្ច ប្រកាសផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ៦ថ្ងៃ

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៤ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១។

ដោយយោងតាមលិខិតលេខ ២៣១ សជណ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ  សម្បទា បានឱ្យដឹងថា អ្នកទទួលផលទាំងអស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ រយៈពេល០៦ (ប្រាំមួយ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១។

ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ កម្មវិធី នឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ជរបើកប្រាក់វីង ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តទៅ។

ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច បញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផលទាំងអស់ មេត្តាជ្រាប និងបន្តសហការអនុវត្ត ដើម្បីឱ្យកម្មវិធីទាំងពីរខាងលើ បន្តដំណើរការដោយរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អន្តរាគមន៍ ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះដោយមិនទុកប្រជាជនណាម្នាក់ចោល ហើយមិនមាន ការយកចិត្តទុកដាក់នោះឡើយ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត