អាជ្ញាធរ អំពាវនាវដល់អ្នកធ្លាប់ទៅផ្សារច្បារអំពៅពីថ្ងៃទី៣០មីនា ដល់ថ្ងៃទី១០មេសា ត្រូវតាមដានសុខភាព

(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡានផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងនេះដែរ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅបេនឡានផ្សារច្បារអំពៅ និងផ្សារច្បារអំពៅ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។

លើសពីនេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានប្រាប់អ្នកជាប់ពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត