Breaking News៖ រកឃើញវិជ្ជមានកូវីដ-១៩ម្នាក់ទៀត នៅខេត្តកំពត

(ភ្នំពេញ)៖ បុរសអាយុ៣៧ឆ្នាំ ត្រូវបានធ្វើតេស្តលើសំណាក ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច ខេត្តកំពត។ បុរសរូបនេះ ជាប្តីរបស់ស្ត្រីអាយុ ៣០ឆ្នាំ ដែលអាជ្ញាធរស្រុកកំពង់ត្រាចបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ។

តាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តកំពត បានឱ្យដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តកំពត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុគ្គលជាជនជាតិខ្មែរចំនួន ១នាក់ទៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លើបុរសអាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត (ជាករណីប៉ះពាល់ផ្ទាល់ជាមួយប្រពន្ធរបស់គាត់ ដែលបានផ្ទុកមេរោគកូវីដ-១៩)។ បច្ចុប្បន្ន បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។

ចំពោះប្រវត្តិ នៃការធ្វើដំណើររបស់បុរសដែលវិជ្ជមានវីរុសកូវីដ-១៩មានដូចខាងក្រោម៖

១-នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឌុបប្រពន្ធធ្វើដំណើរពីភ្នំពេញទៅខេត្តកំពត ដល់ថ្នល់បែកគូស ចូលហូបបបរប្រហែល ១០នាទី ដល់ថ្នល់បំបែកអង្គរសុភីចូលទិញទៀន និងធូប រួចចូលចាក់សាំង១០នាទី ទៅផ្ទះគ្រូស្រោចទឹកមុំព្រះវិហារព្រែកជង្រុកស្រុកទឹកឈូ (គ្រូជនជាតិខ្មែរឥស្លាម) នៅផ្ទះភូមិព្រៃសឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

២-នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅផ្ទះភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

៣-នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ (ពេលថ្ងៃត្រង់) បានឌុបប្រពន្ធទៅពេទ្យឯកជននៅកំពង់ត្រាច(ពេទ្យឡាយ) ពិនិត្យជំងឺរួចក៏ត្រឡប់ទៅផ្ទះវិញ ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់បានទៅពិនិត្យកំដៅ (កំដៅ ៣៨អង្សាសេ) រួចក៏បញ្ជូនគាត់ និងប្រពន្ធមកមន្ទីរពេទ្យបង្អែកកំពង់ត្រាច និងយកសំណាក។

៤-នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លទ្ធផលតេស្តសំណាកប្រពន្ធគាត់ វិជ្ជមានកូវីដ-១៩ ហើយថ្ងៃដដែលនោះ ក្រុមគ្រូពេទ្យបានយកសំណាកគាត់ និងដាក់ឱ្យធ្វើចត្តាឡីស័ក ហើយលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមានកូវីដ-១៩។

៥-នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានធ្វើតេស្តសំណាកលើកទី២។

៦-នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក បានទទួលព័ត៌មានពីក្រសួងសុខាភិបាលថា គាត់វិជ្ជមានកូវីដ-១៩។

ចំពោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន ៤នាក់ (បានអប់រំ និងយកសំណាកនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១)។ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាកទង់ប៉ះពាល់ផ្ទាល់និងប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត