បន្ទាន់! អ្នកធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី១ដល់ទី១០ ខែមេសា សូមតាមដានសុខភាព

(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។

បើតាមទំព័រ Facebook អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អាជីវករលក់បន្លែ និងលក់ចាប់ហួយ បានកើតជំងឺកូវីដ១៩។ ក្នុងនោះ ក៏មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅកន្លែងប្ដូរចិញ្ចៀនផងដែរ។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេចបិទផ្សារចាស់ជាបណ្តោះអាសន្ន ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួន កំពុងត្រូវបានយកសំណាកនៅទីនោះតែម្តង៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត