សហគមន៍កសិករទាំង៩ នៅស្រុកព្រះស្តេច កំពុងរីករាយក្នុងការដាំដុះស្រូវ ២ដងក្នុងមួយឆ្នាំ ក្រោយពីមានប្រភពចែកចាយទឹកគ្រប់គ្រាន់

(ព្រៃវែង)៖ តំណាងសហគមន៍ទាំង៩ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងធ្វើកសិកម្មដាំដុះស្រូវ ស្ថិតក្រោមគម្រោងគ្រប់គ្រង និងបែងចែកទឹក បង្កើតឡើងដោយកម្មវិធី CAVAC របស់អូស្ត្រាលី និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ស្របពេលបច្ចុប្បន្ន ពួកគាត់ទទួលបានប្រព័ន្ធផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដែលអាចឲ្យពួកគាត់ដាំដុះស្រូវ២ដងក្នុងមួយឆ្នាំ ចំណែកឯទិន្នផលវិញ គឺទទួលបានការកើនឡើងទ្វេរដង។

យោងតាមលោក ឈឿង វី  តំណាងសហគមន៍ទាំង៩ បានលើកឡើងថា ក្រៅពីការជួយផ្គត់ផ្គង់ទឹក ដោយគិតតែថ្លៃអគ្គិសនីខាងលើ, ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច ក៏បានជួយសម្របសម្រួល ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំ ដោយផ្តល់ជូននូវតម្លៃថោកជាងទីផ្សារ ហើយនៅពេលដែលច្រូតកាត់ហើយ ទើបបង់ថ្លៃផងដែរ។

លោក បានបន្ថែមថា «ទិន្នផលស្រូវពីមុន បានប្រមាណ៣,៥តោន ប៉ុណ្ណោះ ក្នុងមួយហិកតា។ ប៉ុន្តែបន្ទាប់ពីទទួលបានការគាំទ្រ ពីក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច និង CAVAC ឃើញថា ទិន្នផលស្រូវរបស់ប្រជាពលរដ្ឋ មានការកើនឡើង ដោយជាមធ្យមចម្លោះពី ៥តោន ទៅ៦តោន ក្នុងមួយហិកតា»។ លោកបន្ថែមថា «ប្រជាកសិករក្នុងតំបន់រីករាយណាស់ ព្រោះមានផ្ទះធំ  និងម៉ូតូល្អជិះជាងពីមុន»។

លោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច បានបញ្ជាក់ថា ក្រៅពីគម្រោងជួយផ្គត់ផ្គង់ទឹកខាងលើ, រាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ នៅក្នុងស្រុកព្រះស្តេចនេះ ដោយគ្រោងនឹងដំណើរការ នៅក្នុងឆ្នាំនេះ ហើយវា នឹងជួយដល់កសិករ ក្នុងការរក្សាស្រូវទុកលក់នៅពេលមានតម្លៃខ្ពស់។

ជាមួយគ្នានេះ លោក ហ៊ឺ បាវី បានលើកឡើង«ដំបូងឡើយ គម្រោងឡសម្ងួត និងឃ្លាំងស្តុកស្រូវនេះ គ្រោងនឹងចាប់ផ្តើមដំណើរការ កាលពីខែ៦ឆ្នាំមុនមកម្ល៉េះ, ប៉ុន្តែដោយសារបញ្ហាកូវីដ ទើបធ្វើឲ្យមានការប៉ះពាល់។ យ៉ាងណាក៏ដោយគម្រោងនេះ សង្ឃឹមថា នឹងចាប់ផ្តើមនៅឆ្នាំនេះ»។

បើតាមការបញ្ជាក់ពី លោកប្រធានក្រុមការងារ គម្រោងគ្រប់គ្រង និងបែងចែកទឹកនេះ បានដំណើរការបានរយៈពេល ៣ឆ្នាំមកហើយ ដោយមានសហគមន៍ចំនួន៩ ក្នុងនោះ៧សហគមន៍ បង្កើតឡើងដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច និង២សហគមន៍ទៀត បង្កើតដោយ CAVAC, ជាមួយនឹងការជួយគាំទ្រនេះ ជីវភាពរបស់ប្រជាជន នៅក្នុងតំបន់ មានការប្រែប្រួលល្អប្រសើរជាងមុន៕

 

សម្រួលដោយ៖ ង៉ែត ពិសាន្ត