ក្តៅៗ!! អ្នកកើតកូវីដចំនួន៩នាក់នៅភ្នំពេញ ត្រូវបង្ហាញខ្លួនមុនថ្ងៃទី១៤ មេសា បើមិនដូច្នេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃឲ្យបុគ្គលដែលកើតជំងឺកូវីដ១៩ចំនួន៩នាក់ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់នេះ ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួន ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានៅភ្នំពេញ បានបញ្ជាក់ថា បុគ្គលដែលកើតជំងឺកូវីដ១៩ទាំង៩នាក់នោះរួមមាន៖

១. ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី តូបលេខ៤៨ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៤A ផ្លូវ១៣២A2 សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក ។

២.ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ

៣.ឈ្មោះ អ៊ិន គឹមស្រ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៤.ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៥.ឈ្មោះ ង៉ូយ ស៊ីនឿន ភេទស្រី អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៦.ឈ្មោះ ខេមរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៧ ឈ្មោះ ថន ស្រីលក្ខ  ភេទស្រី អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៨. ឈ្មោះ សយ អូនទូច ភេទស្រី អាយុ៣១ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី ទីលំនៅបច្ចុប្បន្នផ្លូវលេខ១០ សង្កាត់មនោរម្យ ខណ្ឌមករា

៩.ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រឌិន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩។

យោងតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា៖

-បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល។
-បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

មាត្រា១៣ បានចែងពីករណីលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ដោយបញ្ជាក់ថា៖

-ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស (ទាំងបទគេចវេះពីការធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទមិនគោរពវិធានការរដ្ឋបាល និងបទរេរាំងដល់ការអនុវត្តវិធានការ) ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។

-ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះក្រុមគ្រួសារនៃបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។

រដ្ឋបាលរាជធានីភ្នំពេញ បានសូមបន្តអំពាវនាវឱ្យអ្នកជំងឺទាំង១៣នាក់ មកបង្ហាញខ្លួន ឬទាក់ទងមកអាជ្ញាធរ ដើម្បីទទួលយកការព្យាបាល។ អាជ្ញាធរក៏បានអំពាវនាវ ដល់អ្នកបានស្គាល់អ្នកជំងឺទាំងនេះ ជួយរាយការណ៍ទៅអាជ្ញាធរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

សម្រួលដោយ៖ ង៉ែត ពិសាន្ត