បិទទាំងព្រឹក!!! ផ្សារចាស់ក្នុងខណ្ឌដូនពេញត្រូវបិទខ្ទប់ទាំងស្រុង ក្រោយរកឃើញករណីឆ្លងកូវីដ-១៩

(ភ្នំពេញ)៖ ផ្សារចាស់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ទាំងស្រុង បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។ នេះបើតាមយោងតាមព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។
គួរជម្រាបថា អាជ្ញាធរខណ្ឌដូនពេញកាលពីថ្ងៃទី០៥ ខែមេសា បានអំពាវនាវដល់អាជីវករប្រកបអាជីវកម្មនៅទីរួមផ្សារចាស់ដែលមានតូបជាប់នឹងតូប អ្នកជំងឺកូវីដ-១៩ម្នាក់ឈ្មោះសុខ ប៉េងសុន ឱ្យទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យជាបន្ទាន់។ អាជីវករទាំងនោះដែរ រួមមានដូចជា អាជីវករនៅតូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១, និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ផ្សេងៗទៀត៕