រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនពលរដ្ឋនៅភូមិត្រពាំងថ្លឹង២ ក្រោយបិទខ្ទប់តំបន់នេះ២សប្តាហ៍

នារសៀលថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់តំបន់នេះរយៈពេល ២សប្តាហ៍ ព្រោះតំបន់នេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលទទួលបានរួមមានអង្ករ១ប៉ាវ(២៥គីឡូ) មី១កេស ត្រីខ២០កំប៉ុង និងថវិកាចំនួន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ ក្នុងថ្ងៃនេះរដ្ឋបាលរាជធានីភំ្នពេញបានចែកជូនចំនួន ១.០០០គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។ រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕