ឃាត់ខ្លួនបុរសម្នាក់ ពីបទបង្ហោះវីដេអូតាម «Tik Tok» មានចេតនាញុះញង់បង្កចលាចល!

(កំពង់ចាម) ៖ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងទទួលផែនការងារសន្ដិសុខ បានធ្វើការឃាត់ខ្លួនបុគ្គលម្នាក់ដែលបានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ដែលមានចេតនាញុះញង់បង្កចលាចល ដែលប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ នៅទឹកដីខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា លោកចាត់ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញាម្នាក់ឈ្មោះ មាន ពន្លក ហៅបងតា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្នធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម។

ក្នុងនោះលោកបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលសន្តិសុខ ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរងចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផល ចាប់ខ្លួនជនខាងលើដែលមានឈ្មោះ នូវ ខ្លឹម ហៅ មាន ពន្លក ហៅបងតា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ដែលមានទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ បានបង្ហោះវីដេអូមានចេតនា ញុះញុង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ, រារាំងដល់ការអនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕