ក្រសួងព័ត៌មាន ព្រមានលោកK01 បើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀតនឹងអនុវត្តវិធានការច្បាប់ ក្រោយលុបអាជ្ញាប័ណ្ណ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនព័ត៌មានដោយធ្វើការព្រមានដល់លោកK01 បើនៅតែបន្តផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនទៀត ក្រោយក្រសួងបានលុបអាជ្ញាប័ណ្ណគេហទំព័ររួចទៅហើយនោះ។

តាមរយៈសេចក្តីជួនដំណឹងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយពិនិត្យឃើញបុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គង​ក្នុងការអនុវត្តវិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈ ញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាកពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់​ស្តីពីរបបសារព័ត៌មានប្រទេសកម្ពុជា ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេច​លុបអាជ្ញាប័ណ្ណរបស់​បុគ្គលខាងលើជាអ្នកសារព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងសេចក្តីជូនព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ 

គួររំលឹកផងដែរថា ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ ពាក់ព័ន្ធជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក K01 ឱ្យលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលមានចេតនាញុះញង់ និងបានប្រាប់ទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឱ្យពិនិត្យមើលករណីនេះបន្ទាន់ បន្ទាប់មកក្រសួងបានលុបអាជ្ញាប័ណ្ណគេហទំព័រK01ជាផ្លូវការ៕