ក្រុមបាតុករច្រើនជាង៨០នាក់ ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក្នុងទីក្រុង Bago

(បរទេស)៖ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ា បានបញ្ជាក់ថា មនុស្សច្រើនជាង ៨០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាកំឡុង ការបង្ក្រាបលើបាតុកម្មតវ៉ាមួយនៅឯទីក្រុង បាហ្គូ (Bago)កាលពីថ្ងៃសុក្រកន្លងទៅនេះ។

ក្រុមសកម្មជនការពារសិទ្ធិមនុស្សមីយ៉ាន់ម៉ា បានបន្តថា ចំនួនអ្នកស្លាប់នៅក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាអាចនឹងមានច្រើនជាងនេះ ដ្បិតសាក្សីជាច្រើននាក់ដែលបាន ឃើញហេតុការណ៍ផ្ទាល់បានអះអាងថា សាកសពមនុស្សមួយចំនួនត្រូវបានកងកម្លាំងសន្តិសុខយកទៅបាត់។ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ត្រូវបានគេរាយការណ៍ផងដែរថា បានប្រើប្រាស់អាវុធធុនធ្ងន់ និងបាញ់ស្រោចទៅលើក្រុមបាតុករគ្មានរើសមុខ។

គួរបញ្ជាក់ថា បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយមីយ៉ាន់ម៉ា គិតមកទល់នឹងពេលនេះក្រុមបាតុករកើនដល់ ៦១៨នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈមក៕