ក្តៅៗ!! ស្លាប់ដោយសារកូវីដ១៩ចំនួន៣នាក់ទៀតហើយ ជាបុរសនិងស្ត្រីជនជាតិខ្មែរ

(ភ្នំពេញ)៖  បុរស និងស្ត្រីជនជាតិខ្មែរចំនួន ០៣នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងរបាយករណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកជំងឺកូវីដ១៩ ស្លាប់ទាំង០៣នាក់នេះរួមមាន៖

ករណីទី១៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ដែលរស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៥៥នាទីព្រឹក។

នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៤០នាទី អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី គ្មានសញ្ញាជីវិត ក្រុមគ្រូពេទ្យបានជួយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅ វេលាម៉ោង១១៖៥៥នាទី។ ដោយជាករណីសង្ស័យសព ត្រូវបានក្រុមគ្រូពេទ្យយកសំណាកហើយជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Entrant mourant avec CoVID-19)។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

ករណីទី២៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែដោយសារស្ថានភាពជំងឺមានរលាកសួតធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉េប្រចាំកាយ ទើបតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជំនួយដកដង្ហើមតាំងពីថ្ងៃដំបូង ដែលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

ករណីទី៣៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លូងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៤០នាទីព្រឹក។

អ្នកជំងឺខាងលើ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លូងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តម្រូវឲ្យក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស តែយ៉ាងណាក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Entrant mourant avec CoVID-19)។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។