បង្ក្រាបវង់ល្បែងនៅខេត្តស្ទឹងត្រែង ដកហូតសត្វមាន់ជល់១៥ក្បាល ម៉ូតូ២០គ្រឿង ខណៈអ្នកលេងរត់គេចខ្លួនអស់

(សឹ្ទងត្រែង)៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបទីតាំងជល់មាន់ ភ្នាល់ល្បែងអាប៉ោង បៀរដុះស្លែមួយកន្លែង ដែលតែងតែបង្កជាអំពើហិង្សាគ្រប់រូបភាពនៅក្នុងសង្គម និងក្នុងគ្រួសារ និងបង្កផលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពថែមទៀត។ ប៉ុន្តែនៅក្នុងប្រតិបត្តិការបង្ក្រាបនោះ ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ក្រុមអ្នកញៀនល្បែងទាំងនោះ បានរត់ចែកជើងគ្នាអស់ បន្សល់ទុកតែវត្ថុតាង។

យោងតាមរបាយការណ៍របស់ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង ដែលទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅចំណុចគីឡូ៥ ក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង នៅថ្ងៃទី០៩ ខែមេសានោះ ដោយមានការសហការជាមួយសមត្ថកិច្ចអាវុធហត្ថក្រុង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចប្រមូលបានសត្វមាន់ជល់ចំនួន ១៥ក្បាល ម៉ូតូជាង ២០គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ចំណែកក្រុមអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់។

លោក អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះរាល់បទល្មើសគ្រប់ប្រភេទ ឱ្យតែប្រជាពលរដ្ឋរាយការណ៍ លោកតែងតែបង្ក្រាបដូចភ្លៀងរលឹម។ ក្នុងករណីនេះ វត្ថុតាងដែលបង្ក្រាបរឹបអូសបាននោះ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ទោះជាអ្នកលេងល្បែងទាំងនោះបានរត់គេចខ្លួនអស់ក៏ដោយ ក៏ពួកគេនឹងត្រូវធ្វើការកោះហៅឱ្យទៅទទួលខុសត្រូវតាមច្បាប់ ដើម្បីព្រមានទៅដល់ជនខិលខូចផ្សេងៗទៀត ឱ្យមានការរាងចាល និងនាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានរស់នៅ មានសន្តិសុខល្អ គ្មានចោរលួចចោរប្លន់ គ្រឿងញៀនជាដើម៕