វិទ្យាល័យ ជា ស៊ីម សាមគ្គី ត្រូវបានយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំវិទ្យាល័យ ជាស៊ីមសាមគ្គី ដើម្បីធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយផ្នែកខ្លះធ្វើជាកន្លែងចត្តាឡីស័កផងដែរ ។

ការប្រកាសបើកវិទ្យាល័យ ជា ស៊ីម សាមគ្គី ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩នេះ ស្របពេលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់មានស្ថានភាពធូរស្រាលនៅឡើយ ដែលមមានអ្នកជំងឺកាន់តែច្រើន នៅតាមមន្ទីរពេទ្យរដ្ឋនានា មិនអាចទទួលយកអស់ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ដើម្បីពិនិត្យរៀបចំទុកជាកន្លែង សម្រាប់ព្យាបាល អ្នកជំងឺ១៩ឲ្យបានសមរម្យ ហើយមួយផ្នែកខ្លះនៃអគារវិទ្យាល័យ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងខាងលើនេះរៀបចំ គ្រែចំនួន២០០ សម្រាប់អ្នកជំងឺ និង១០គ្រែទៀត សំរាប់ក្រុមគ្រូពេទ្យ។

វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ក្រុមការងារចម្រុះដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គិសនី មន្ទីរសុខាភិបាលបានដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ធ្វើយ៉ាងណាឲ្យទីតាំងមួយនេះ ក្លាយជាកន្លែងដែលមានភាពសមរម្យ និងមានអនាម័យ បរិស្ថានល្អក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ៕