លោកស្រី ឱ វណ្ណឌីន បង្កើតពាក្យថ្មី «ចូលឆ្នាំនៅផ្ទះ» បន្ថែមពីលើការអនុវត្ត ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង

(ភ្នំពេញ) ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​បង្កើតពាក្យថ្មី «ចូលឆ្នាំនៅផ្ទះ» បន្ថែម​ជាមួយនឹង​ការអនុវត្ត ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩។

លោកស្រី​បាន​សរសេរបង្ហោះនៅលើបណ្តាញតេឡេក្រាម កាលពីយប់ថ្ងៃទី៨ មេសាយ៉ាងដូច្នេះថា៖

«ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វើជូនពួកគាត់​ តែបើខ្ញុំធ្វើ​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នា​ យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

អ្នកឆ្លងរកឃើញកើនឡើងច្រើន​បង្កើតនូវការព្រួយបារម្ភ​ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍​ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​។

ដូច្នេះ​ ខ្ញុំសូមបង្កើតពាក្យថា៖​ “ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “New Year at Home” ជាមួយនឹងការអនុវត្តវិធានការ​៖​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង​ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន​ ​និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។

ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា​ “ចូលឆ្នាំនៅផ្ទះ”​ មិនប៉ះកូវីដ-១៩​ សុខភាពមាំមួន​ មានសុខសិរី​ ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី​! សួស្តីឆ្នាំថ្មី​! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ឱ្យឈ្នះទាំងអស់គ្នា»៕akp.gov.khសម្រួលដោយ ៖ ឡាយ កុល