កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្របួចក្រុមចោរជំនាញឡើងផ្ទះលួចសម្ភារប្រជាពលរដ្ឋបានហើយ

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មណ្ឌក្រសួងមហាផ្ទៃ ក្របួចបានជនសង្ស័យចំនួន ២នាក់ ដែលជាក្រុមចោរជំនាញឡើងផ្ទះលួចសម្ភារ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចសម្ភារមានតម្លៃជាច្រើន នៅចំណុចអាផាតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេច ហើយគេចខ្លួនបានមួយរយៈ។

ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ឈ្មោះ នៅ សុផានី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមចម្លើយជនសង្ស័យទាំង២នាក់បានសារភាពថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រហែល ១ទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារនៅក្នុងអាផាតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបាន Computer, ទូរសព្ទ័ដៃ, ដង្កៀបបត់ និងខ្សែក្រវ៉ាត់ ហើយបានយកសម្ភារដែលខ្លួនលួចបានមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

បច្ចុប្បន្នសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕