



(ភូមា) ៖ ពិតជារឿងដែលសោកស្ដាយណាស់ដែលព័ត៍មានពីប្រទេសភូមា បានចុះផ្សាយថា លោក Paing Takhon តារាម៉ូដែលដែលខ្នះខ្នែងខ្លាំងក្នុងការទាមទារសិទ្ធិ និងយុត្តិធម៌ពីក្រុមយោធាភូមា ត្រូវបានគេចាប់ខ្លួនហើយនៅព្រឹកម៉ោង ៥ ថ្ងៃទី០៨ ខែមេសានេះ ក្នុងផ្ទះរបស់លោកដែលស្ថិតនៅ North Dagon។
អ្នកប្រើបណ្ដាញសង្គមជាច្រើននាក់ ក្នុងនោះរួមមានអ្នកចាត់ការទូទៅរបស់ Paing Takhon ផងបាននាំគ្នាបង្ហោះជាបន្តបន្ទាប់ពីករណីចាប់ខ្លួនរបស់តារាប្រុសរូបនេះ ហើយក៏បានបញ្ជាក់ថាលោកបានធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃហើយ ហើយក៏ត្រូវជួបរឿងបែបនេះទៀត ឯខាងក្រុមគ្រួសារក៏កំពុងទាមទារ និងស្នើសុំយ៉ាងទទូចទៅកាន់យោធា ឲ្យមេត្តាដោះលែង Paing Takhon មកវិញ ដើម្បីព្យាបាលជំងឺ។
យ៉ាងណាទាក់ទងនឹងព័ត៌មានចាប់ខ្លួនតារាៗបានផ្ទុះឡើងច្រើនថ្ងៃមកហើយ ឯប្រតិបត្តិការចាប់ខ្លួនក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចំពោះតារាលើសពី ៥០នាក់ទៅទៀត ក្នុងនោះមានតាំងពីតារាសម្ដែង អ្នកដឹកនាំរឿង តារាចម្រៀង តារាម៉ូដែល -ល- ដែលពួកគេទាំងនេះសុទ្ធតែជាអ្នកដែលព្យាយាមប្រឆាំងតវ៉ានឹងរបបយោធាថ្មីរបស់ភូមា។ ចំណែកករណីរបស់ Paing Takhon ដែលពិត ឬយ៉ាងក្រុមការងារនឹងបន្តតាមដានជាបន្តទៀតនូវប្រភពច្បាស់ការ៕
សម្រួលដោយ ៖ ឡាយ កុល