ទាហានជើងទឹកពីរនាក់ ដែលបាត់ខ្លួនក្នុងឧប្បត្តិហេតុផ្ទុះអូប័រនៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ បានរកឃើញសាកសពហើយ

(ព្រះសីហនុ)៖ មន្ត្រីយោធាជើងទឹកចំនួន ២នាក់ ដែលបានបាត់ខ្លួន នៅក្នុងឧប្បត្តិហេតុផ្ទុះអូប័រនៅលើផ្ទៃសមុទ្រ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានរកឃើញអស់ហើយ។ ចំណែកមន្ត្រីយោធាចំនួន ៤នាក់ទៀត ដែលបានរងរបួស កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ នេះបើយោងតាមការឱ្យដឹងពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សាកសពមន្ត្រីយោធាជើងទឹកទាំងពីរនាក់នោះ ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃទី០៧ ម្នាក់ និងម្នាក់ទៀត បានរកឃើញនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយដែរ។

សូមបញ្ជាក់ថា អូប័រដឹកស្បៀងដាក់តាមបណ្តាកោះមួយគ្រឿង នៅពេលធ្វើដំណើរចេញពីមូលដ្ឋានសមុទ្ររាម បានចម្ងាយ ៣ម៉ៃល៍ បានជួបឧប្បត្តិហេតុផ្ទុះតែម្តង។ ករណីនេះអាចបណ្តាលមកការលេចធ្លាយទុយោប្រេង ទុស្សេឆេះធុងសាំងប្រេងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានអ្នករបួសចំនួន ៤នាក់ (ស្រាល៣នាក់ និង ១នាក់ធ្ងន់) និងបាត់ខ្លួនចំនួន ២នាក់ ដែលទើបនឹងរកឃើញសាកសព៕