អ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារអូរឫស្សី កើនដល់ ១១១នាក់ គិតត្រឹមព្រឹកថ្ងៃទី០៨ មេសានេះ!

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី  បណ្តាលឲ្យមានមនុស្សសរុបចំនួន ១១១ នាក់ ត្រូវបានរកឃើញថា «វិជ្ជមានវីរុសកូវីដ-១៩»។ ​នេះបើយោងតាមការឲ្យដឹងពីហ្វេសប៊ុកផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ប្រសិន បើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ប្រញាប់ទៅធ្វេីតេស្តរកវីរុសកូវីដ១៩​​  ដែលមានទីតាំងនៅ​វិទ្យាល័យ​បាក់ទូក,​ វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម, ​មន្ទីរ​ពេទ្យខ្មែរ-សូវៀត, ​សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។

ដោយឡែកសម្រាប់អ្នក ដែលគ្មានរោគសញ្ញា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានទទូចឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣០២៨ករណី ក្នុងនោះអ្នកជំងឺ ១៩១៤នាក់ បានជាសះស្បើយ និង២៤នាក់បានស្លាប់។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៤៩៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៩៣នាក់ផងដែរ។

ព្រឹកមិញនេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានថ្មី សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលក្នុងនោះមាន ភ្នំពេញ ១០៣នាក់, កណ្តាល ៣នាក់, ព្រះសីហនុ ៣នាក់, ស្វាយរៀង៣នាក់ និងកំពត១នាក់ផងដែរ៕