មិនមើលនឹងភ្នែក! ក្រុមមេធាវីស្ម័គ្រចិត្ត ចេញមុខការពារក្តី ឲ្យបុរសបាញ់ការពារខ្លួន នៅក្រោមស្ពាន អាកាសទឹកថ្លា ដោយមិនគិតថ្លៃ!

(ភ្នំពេញ) ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយនូវ ឧបទ្ទវហេតុផ្ទុះអាវុធមួយបានកើតឡើង ដែលអ្នកការពារធនាគារ ABA ដែលបានបាញ់ ទៅយុវជនម្នាក់ ក្នុងគោលបំណងការពារខ្លួន នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រោមស្ពាន អាកាសទឹកថ្លា ខាងមុខធនាគារ ABA សាខាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រាប់តែពេលនេះក៏ទទួលបានដំណឹងល្អមួយ ដែលមេធាវីចំនួន ៩រូប បម្រើការងារ នៅក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ (Duan & Duan Phnom Penh Law Firm) និងក្រុមហ៊ុនមេធាវី លីហ្គលថោន (Legal Town Law Firm) បានស្ម័គ្រចិត្ត ផ្តល់ការការពារក្តី ឲ្យលោក ភឿង ភិរៈ អ្នកការពារធនាគារ ABA ដោយឥតគិតថ្លៃសេវា។
តាមរយៈសេចក្តីប្រកាសព័ត៌មាន មេធាវីការពារក្តី របស់ក្រុមហ៊ុនទាំង២នេះ ដែលចេញនៅថ្ងៃ៨ មេសា នេះ គឺក្នុងគោលបំណង ការពារសិទ្ធិបុគ្គលនេះ ក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។
គួរជម្រាបថា លោក ភឿង ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតបញ្ញវន្ត ដែលបានទទួលអាហារូបករណ៍ នៅដេប៉ាតឺម៉ង់ ផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមបញ្ជាក់ដែរថា ក្នុងករណីផ្ទុះអាវុធនៅក្រោមស្ពាន អាកាសទឹកថ្លា ជិតផ្សារដីហ៊ុយនេះ ធ្វើឲ្យមានការ ចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាញ ក្រុមអ្នកលេងសង្គមហ្វេសប៊ុក ដោយមានអ្នកចេញមកការពារ ជនបង្កឈ្មោះ ភឿង ភិរៈ ថាការបាញ់ទៅលើយុវជននេះ ក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ ព្រោះយុវជននោះ បានយកកាំបិត ក្នុងគោលបំណងមកចាក់ លើឈ្មោះ ភឿង ភិរៈ ។ តែក៏មានមតិខ្លះទៀតមិនគាំទ្រនូវសកម្មភាពបាញ់នេះដែរ ដោយពួកគេអះអាងថា ឈ្មោះ ភឿង ភិរៈ ដែលជាសន្តិសុខការពារ ធនាគារ ABA អាចបាញ់ជើង ដៃ ហើយបាញ់ឡើងលើ ក្នុងគោលបំណងគម្រាម និងរត់ទៅប្តឹងសមត្ថកិច្ច បានហើយ មិនចាំបាច់បាញ់ ៣គ្រាប់ លើយុវជននោះ រហូតដល់ថ្នាក់ស្លាប់បែបនេះនោះទេ៕
សម្រួលដោយ ៖ ព្រួញ ទេព